ផ្លែជម្ពូ ជាផ្លែឈើសំបូរជាតិទឹកយ៉ាងច្រើនដែលអាចហូបបំបាត់ភាពស្រេកទឹកយ៉ាងមានប្រសិទ្ធភាព។ វាងាយរកទិញ ងាយហូប និងមានតម្លៃសមរម្យថែមទៀត។ ក្រៅពីរសជាតិផ្អែមឆ្ងាញ់ជក់មាត់ហើយនោះ វាត្រូវគ្នាខ្លាំងជាមួយនឹងអំបិលម្ទេសផងដែរ។ យ៉ាងណាមិញយើងនឹងយល់ដឹងពីសារធាតុចិញ្ចឹមយ៉ាងសំបូរបែបទទួលបានពីផ្លែជម្ពូវិញម្តង។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីផ្លែជម្ពូ៖
១. សំបូរវីតាមីនA
ការហូបផ្លែជម្ពូបានផ្តល់វីតាមីនA ដែលជាប្រភេទវីតាមីនដ៏សំខាន់បំផុតដែលកោសិកាភ្នែកយើងពុំអាចខ្វះបានឡើយ។ វីតាមីន A មិនត្រឹមចូលរួមចំណែកដល់ការលូតលាស់នៃឆ្អឹង និងពង្រឹងប្រព័ន្ធការពាររាងកាយប៉ុណ្ណោះទេ ថែមទាំងជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់កោសិកាភ្នែកទៀតផង។ វាជួយដល់កោសិកាដែលទទួលយកពន្លឺ ឬ រូបភាព ឱ្យមានដំណើរការល្អប្រសើរ និងទប់ទល់ការខូចខាតពីកត្តាខាងក្រៅ។
វីតាមីន A ជួយប្រឆាំង និងការពារពីហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងភ្នែក បញ្ហាស្ងួតភ្នែក ជាពិសេសជាភ្នាក់ងារប្រឆាំងនឹងមេរោគឆ្លងតាមភ្នែកដ៏មានប្រសិទ្ធភាព។

២. ប្រភពនៃសារធាតុសរសៃ
ផ្លែជម្ពូផ្តល់សារធាតុសរសៃជាច្រើន ដែលចូលរួមចំណែកយ៉ាងសកម្មដល់ការនាំយកសារជាតិកូលេស្តេរ៉ុលជាប់តាមប្រព័ន្ធរំលាយអាហារនិងសរសៃឈាមចេញពីក្នុងខ្លួន។ វាជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងការសម្រកទម្ងន់ផងដែរ។ ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលនេះ បានដើរតួនាទីមួយដ៏សំខាន់សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។
សារធាតុសរសៃក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ និងសម្រួលដល់ការដឹកនាំកាកសំណល់បញ្ចេញចោល។

៣. ផ្តល់នូវវីតាមីនC
វីតាមីនសេ ជាប្រភេទវីតាមីនដែលមានសារៈសំខាន់ជាចាំបាច់សម្រាប់ការពារកោសិកាពីការខូចខាត។ វាជួយរក្សាកម្រិតគ្រាប់ឈាមក្រហមឲ្យនៅថេរ ការពារពីបញ្ហាខ្វះជាតិដែក បន្ថយនិងរក្សាសម្ពាធឈាមឱ្យនៅធម្មតា ដែលអាចការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងល្អ ប្រឆាំងជំងឺផ្សេងៗ ការពារការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងជំងឺអញ្ចាញធ្មេញ។
៤. ប្រភពនៃកាល់ស្យូម
សារធាតុកាល់ស្យូមជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ការលូតលាស់ និងភាពរឹងមាំនៃឆ្អឹង។ កុមារនិងវ័យជំទង់ជាវ័យមួយដ៏សំខាន់បំផុតដែលកំពុងស្ថិតក្នុងការលូតលាស់ហើយចាំចាច់ត្រូវការសារធាតុកាល់ស្យូមពុំអាចខ្វះបាន។ ជាពិសេស សារធាតុកាល់ស្យូម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការបញ្ហាពុកឆ្អឹងចំពោះស្ត្រីអស់រដូវ និងជាពិសេសបុគ្គលនៅវ័យចំណាស់។
សរីរាង្គឆ្អឹងជាសរីរាង្គដែលរឹងមាំខ្លាំង ដើរតួនាទីក្នុងការទ្រទ្រង់សរីរាង្គទាំងអស់នៃរាងកាយទាំងមូល និងទាមទារឲ្យមានការថែទាំជាប្រចាំតាមរយៈការបំពេញសារធាតុកាល់ស្យូមនេះឯង។

៥. ផ្តល់នូវសារធាតុដែក
ផ្លែជម្ពូជាផ្លែឈើមួយប្រភេទ ផ្តល់មកនូវសារធាតុដែកដ៏សំខាន់ដើម្បីបំពេញតួនាទីរបស់កោសិកាឈាមក្រហម ដែលរាងកាយប្រើប្រាស់សម្រាប់ការដឹកនាំសារធាតុចិញ្ចឹមទៅឲ្យរាល់កោសិកាទាំងអស់ និងបំលាស់ប្តូរនៃឧស្ម័នអុកស៊ីសែននិងកាបូនឌីអុកស៊ីត។
កង្វះនៃសារធាតុដែកធ្វើឱ្យបរិមាណនៃគ្រាប់ឈាមក្រហមធ្លាក់ចុះ ហើយបណ្តាលឲ្យមានភាពស្លេកស្លាំង និងបញ្ហាទាក់ទងជាច្រើនទៀតដូចជាអស់កម្លាំង ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឈឺក្បាល សមត្ថភាពខួរក្បាលធ្លាក់ចុះ ជាដើម៕
Post a Comment (0)