ញាក់សាច់!តារាវ័យក្មេង​​​​​ នៅ ណាវីន​ មានជម្ងឺខូចក្រលៀនដោយសារតែប្រើប្រាស់ថ្នាំធ្វើឲ្យស្បែកស និងផលិតផលថែសម្ផស្ស

កាលពីម្សិលមិញនៅវេលារសៀលថ្ងៃទី១០ ខែកុម្ភ: មុននេះតារាចម្រៀង និងជាតារាសម្ដែង អ្នកនាង នៅ ណាវីន បានត្រលប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីអ្នកនាងវះកាត់ក្រលៀនបានជោគជ័យនៅក្នុងប្រទេសឥណ្ឌា។ អ្នកនាងបង្ហាញអារម្មណ៍ក្ដុកក្តួលយ៉ាងខ្លាំង ដែលអ្នកនាងអាចមានជីវិតថ្មីត្រលប់មកវិញ ស្របគ្នាដែលតារាចម្រៀង កញ្ញា ខេមរ: ស្រីពៅ មានបញ្ហាក្រលៀនដូចគ្នានេះដែរ ប៉ុន្តែបែរជាឆ្លងមិនផុត ហើយត្រូវទទួលមរណភាព។
តារាសម្តែងនិងចម្រៀងកម្ពុជាដែលមានជម្ងឺខូចក្រលៀនបានអះអាងថា អាហារបំប៉ន និងផលិតផលធ្វើឲ្យស្បែកសបង្កឲ្យពួកគេខូចក្រលៀន ដែលតម្រូវឲ្យមានការវះកាត់ជាបន្ទាន់។

ក្នុងរយៈពេលចុងក្រោយ​ គេកត់សម្គាល់ថា​ តារា​វ័យក្មេង​ច្រើន​ឡើងបានក្លាយជា​​អ្នកជម្ងឺខូចក្រលៀន ដោយតម្រូវឲ្យពួកគេ​វះកាត់​​​​បន្ទាន់​​ដើម្បី​បន្តជីវិត ហើយមានអ្នកខ្លះបាត់បង់ជីវិត។ ក្នុងនោះតារាចម្រៀង​កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាពកាលពីខែមុន ព្រោះតែ​ជំងឺ​​ខូចក្រលៀន​​របស់នាង​ព្យាបាលមិនទាន់ពេល។ ​​​យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍ ​គឺ​​​​មូលហេតុដែលនាំអោយខូចក្រលៀន​ទាំង​វ័យក្មេងរបស់តារា​ទាំងនោះ មានប្រភពស្រដៀងគ្នា គឺការប្រើប្រាស់អាហារបំប៉ន និងផលិតផលថែសម្ផស្ស។
លោក យូ ឌីស្កូ ដែលបាន​វះកាត់​ដូរ​ក្រលៀនបានជោគជ័យមុនគេនៅក្នុងប្រទេសឥណ្ឌា​បានអះអាងថា មូលហេតុដែលលោក​​​​​មានជំងឺខូច​ក្រលៀន​កាលពីមួយរយៈមុន គឺបណ្ដាលមកពីលោក​​ប្រើថ្នាំអាហារបំប៉ន​ច្រើន​ពេក​​​​​​​ ដោយក្នុងនោះ​​​លោកក៏បានប្រើថ្នាំ​ដើម្បីឲ្យសាច់ស្អាត និងខ្ចី​​​ក្នុងពេលមិនទាន់ផ្ទុះជំងឺនោះផង។ លោកត្រូវ​គេដឹងថា ​​គឺជាអតីត​​​​​​អ្នកតំណាង​​​លក់​ផលិត​ផលអាហារ​សុខភាព ឬហៅ​ថា​អាហារ​​បំប៉ន ដោយលោកបានសារភាព​ថា​​​​​​​​​​ នៅក្នុងរយៈពេលនោះ ​លោក​បាន​ប្រើ​​ថ្នាំដែលជាប្រភេទអាហារបំប៉​ន​​​​​​​​​យ៉ាង​ច្រើននៅក្នុងពេលនេះ ​ហើយក្រោយមក​ក៏មានជំងឺ​​​​ខូចក្រលៀនទាំងគូតែម្ដង។

បន្ទាប់ពី លោក យូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់ ​មហាជ​ន​​ជួយរៃអង្គាសថវិកាគ្នា​​​ឲ្យលោកបានវះកាត់ដូរក្រលៀន​​​ម្ខាង​​នៅក្នុងប្រទេសឥណ្ឌា។ លោក​ត្រូវ​​​លាងឈាម​​​២ដង​ក្នុង​មួយអាទិត្យ​​​នៅមុនពេល​ធ្វើទុក្ខធ្ងន់​។ ​យ៉ាងណាមិញ មកដល់ពេលនេះ​អាការៈរបស់លោកបានជាសះស្បើយ​ហើយ បើទោះជាលោកត្រូវ​ប្រើថ្នាំ​​ជំនួយក្រលៀនដែលបាន​ដូរ​អស់មួយជីវិត។
កញ្ញា ខេមរៈ ស្រីពៅ ​ដែលទើបតែ​​​បានបញ្ចប់ពិធី​បូជាសព​​​ ក៏ត្រូវបានលោក​ ខេមរៈ សិរីមន្ត ជាបងប្រុស​បានអះអាងថា ក៏មានជំងឺ​​ខូចក្រលៀន​​​​​ដូចគ្នាផងដែរ។ លោកថា​​ ប្អូនស្រី​របស់លោក​​ចាប់ផ្ដើមមានជំងឺក្រលៀននេះ ដោយសារតែការញ៉ាំថ្នាំឲ្យស និង​​ថ្នាំ​​​​​​​​ជាច្រើន​ប្រភេទទៀត ដើម្បី​ថែរក្សាសម្រស់ផង និងដោយសារតែនាងឧស្សាហ៍​ប្រើថ្នាំពេលមានអាការៈឈឺផង។

លោក ​ ខេមរៈ សិរីមន្ត បានបន្តថា ​​​ប្អូនស្រីរបស់ខ្លួនមានជំងឺ​​ធ្វើទុក្ខប្រមាណ​​៤ឆ្នាំមក​ហើយ ​​​​​​ហើយដោយសារតែនាង​​​​​មិនក្លាហានក្នុងការ​​​​​​​​​​​​ទៅ​ទទួលការព្យាបាលនៅ​​​​ពេទ្យ ទើបបណ្ដាលឲ្យ​នាងសង្គ្រោះលែងបាន បើទោះជាបានបញ្ជូនទៅវះកាត់​​​​ក្រលៀននៅឥណ្ឌា។ ​លោកបានទទូចកុំអោយ​​មហាជន ជាពិសេស​​តារា​ៗជំនាន់​ក្រោយប្រើ​​ថ្នាំ​​​សាច់ស្អាត ថ្នាំសម្រក និង​​​​អាហារបំប៉នជាដើម។ លោក​បញ្ជាក់យ៉ាង​ខ្លីថា បើ​​​ប្អូនស្រីរបស់​លោកមិន​​​​​​ប្រើថ្នាំ​​​​ច្រើនប្រភេទនោះ​ទេ ក៏មិនបណ្ដាលឲ្យខូចក្រលៀន និង​​​​​​​​​​​​បណ្ដាលឲ្យមានជំងឺ​​​ផ្សេងៗ​មកបៀតបៀននោះដែរ។
មិនខុសគ្នាដែរ តារាសម្ដែង​​អ្នកនាង ​​​​​​នៅ ណាវីន​ ដែលទើប​​​ត្រលប់មកពីវះកាត់​​ក្រលៀន​នៅក្នុងប្រទេសឥណ្ឌាបានថ្លែងកាលពីថ្ងៃទី​​១០ ខែកុម្ភៈ ​នៅព្រលានយន្តហោះថា អ្នកនាង​​​​​​ក៏មានជំងឺ​​ខូចក្រលៀន​​ទាំងសងខាងផងដែរ ដោយ​ក្នុងពេល​មិនទាន់មានលទ្ធភាព​វះកាត់​ដូរក្រលៀន គឺអ្នកនាង​​មិនចង់​​រស់នោះទេ ដោយសារតែ​​ការធ្វើទុក្ខពិបាកពេក។

អ្នកនាង ​​​​​​នៅ ណាវីន ចាប់​ផ្ដើម​មានជំងឺខូចក្រលៀន ដោយសារតែកាលពីមុន​​​​​ទម្លាប់ញ៉ាំថ្នាំឲ្យស និង​ញ៉ាំ​​​ថ្នាំ​សម្រក ខណៈដែលថ្នាំ​ងងុយគេង ក៏អ្នកនាង​​ទទួលទានច្រើន​​​ក្នុងពេលមិន​​​ស្រួលខ្លួន។ អ្នកនាងថា ​​​​ថ្នាំទាំងនោះត្រូវបានគ្រូពេទ្យប្រាប់ថា​ គឺជាមូលហេតុ​បណ្ដាលឲ្យ​ក្រលៀននាង​ខូច ហើយនាង​ក៏​​សប្បាយចិត្ត​ផងដែរ ដែលមានលទ្ធភាព​វះកាត់ដាក់ក្រលៀនថ្មីបានម្ខាង បើទោះជាត្រូវ​​លេបថ្នាំអស់​​មួយជីវិត។ ​អ្នកនាងថា​​ ថ្នាំឲ្យស្បែក​ស ថ្នាំឲ្យ​សាច់ស្អាត ថ្នាំសម្រក និង​ថ្នាំងងុយគេងជាដើម ប្រសិនបើអាចជៀស​​បានគឺ​​គួរតែជៀស​ ដោយសារតែ​​នាង និងអ្នក​ដែលមានជំងឺ​​ខូចក្រលៀន​ផ្សេង​ទៀត សុទ្ធតែមកពីហេតុផលហ្នឹង៕ប្រភព VOD

0 تعليقات

أحدث أقدم