ផ្លែផាសិន (Passion Fruit) ដែលខ្មែរយើងនិយមហៅថា ក្រូចទ្រើង មានអត្ថប្រយោជន៍ទប់ស្កាត់ការរីកលូតលាស់មហារីក បង្កើនថាមពលរំលាយអាហារ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក ជំនួយសុខភាពស្បែក គ្រប់គ្រងតុល្យភាពជាតិទឹកក្នុងរាងកាយ បន្ថយសម្ពាធឈាម បង្កើនចរន្តឈាមរត់ និងបង្កើនដង់ស៊ីតេរ៉ែរបស់ឆ្អឹង។ លើសពីនេះទៅទៀត វាជួយកាត់បន្ថយនូវសញ្ញានៃភាពចាស់ជរា និងធ្វើឱ្យអ្នកគេងលក់ស្រួលថែមទៀត។

១. អាហារបំប៉នសុខភាពនៅក្នុងផ្លែផាសិន ផ្លែផាសិន មានសារធាតុចិញ្ចឹម សារធាតុរ៉ែ វីតាមីនA វីតាមីនC ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង និងជាតិសរសៃ និងប្រូតេអ៊ីន ដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ដូច្នេះញ៉ាំផ្លែផាសិន ១ផ្លែ (១០០ក្រាម) ជារៀងរាល់ថ្ងៃ អាចផ្តល់វីតាមីនប្រហែល ៣០មីលីក្រាម នៃវីតាមីនC ។

២. ការពារជំងឺមហារីក ផ្លែផាសិនបង្កើនសកម្មភាពប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយ។ ផ្លែឈើផាសិននេះ ក៏មានវីតាមីនA សារធាតុហ្ល្វេវើណច (flavonoids) និងសមាសធាតុ phenolic ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីក ជាពិសេសការពារមហារីកមាត់ និងសួត។

៣. សម្បូរទៅដោយវីតាមីន A ផ្លែផាសិន សម្បូរដោយវីតាមីន A ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពភ្នែក ការពារជំងឺភ្នែកឡើងបាយ និងភ្នែកងងឹតផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៃផ្លែឈើនេះ ជួយកាត់បន្ថយស្នាមជ្រួញនិងធ្វើឱ្យស្បែកមានសំណើមល្អ។

៤. ជំនួយដល់ការរំលាយអាហារ ផ្លែផាសិន គឺជាប្រភពដ៏ខ្លាំងបំផុតនៃជាតិសរសៃក្នុងមួយផ្លែ វាអាចផ្តល់ឱ្យរាងកាយមនុស្សប្រមាណ ៩៨ភាគរយ នៃតម្រូវការប្រចាំថ្ងៃ។ ជាតិសរសៃ គឺជាសមាសធាតុសំខាន់នៃរបបអាហារដែលផ្តល់នូវសុខភាពល្អ ពីព្រោះវាជាសារធាតុដែលសម្របសម្រួលការរំលាយអាហារនិងធ្វើឱ្យមានចលនាពោះវៀន។ ផាសិនការពារការទល់លាមកបាន និងការពារជំងឺមហារីកពោះវៀនធំ។

៥. កាត់បន្ថយការឡើងសម្ពាធឈាម ប្រសិនបើអ្នកញ៉ាំផ្លែផាសិន ១ផ្លែក្នុងមួយថ្ងៃ អ្នកអាចបំពេញតំរូវការប៉ូតាស្យូម ១/៤ភ្លាមៗ។ សារធាតុប៉ូតាស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្ស ផាសិនជួយកាត់បន្ថយសម្ពាធឈាមទៅលើបេះដូង និងបង្កើនសុខភាពសរសៃឈាមបេះដូង និងរក្សាលំនឹងជាតិទឹក។ ដូច្នេះ សូមអ្នកបានញ៉ាំ ផាសិនជាមួយអាហារថ្ងៃត្រង់របស់អ្នក (ម្តងម្កាលក៏បាន) ដើម្បីរក្សាសុខភាពបេះដូងរបស់អ្នក និងធ្វើឱ្យកោសិការាងកាយមានដំណើរតាមមុខងាររបស់វាល្អប្រសើរ។

៦. ធ្វើឱ្យឆ្អឹងមានសុខភាពល្អ ផ្លែផាសិន គឺជាប្រភពសម្បូរបែបនៃសារធាតុរ៉ែដូចជា ជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ សំខាន់សម្រាប់បង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង និងធ្វើឱ្យឆ្អឹងរឹងមាំ។ សារធាតុរ៉ែទាំងនេះ ដើរតួសំខាន់ក្នុងការបង្កើនល្បឿនជួសជុលឆ្អឹង និងកាត់បន្ថយការរលាកសន្លាក់៕ សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភពអត្ថបទពី៖ http://eangsophalleth.com
Post a Comment (0)