ក្តៅៗ បំបែកសំនុំរឿងឃាតកម្មសម្លាប់​ ថៅកែរោងម៉ាស៊ីនកិនស្រូវ​ ដោយដុតនឹងកង់គោយន្តកន្ត្រៃ​ នៅស្រុកថ្មពួក

បន្ទាយមានជ័យ ​៖ ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ​ ស្នងការ​រង​ទទួលផែនព្រហ្មទណ្ឌ បាន​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​ ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​បងប្អូន​ បញ្ជូន​ទៅ​តុលាការ។


តាម​ប្រភពព័ត៌មាន ​ដែល​ទទួល​បាន​ករណី​ឃាតកម្ម​គិតទុក​ជាមុន​ខាង​លើ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ចន្លោះ​ពី​ម៉ោង​១០ ដល់ ១២ ថ្ងៃត្រង់​ ស្ថិតនៅ​ចំណុចព្រៃ​អា​ព្រហ្ម​ ក្នុង​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍ ក្នុងភូមិ​ថ្ម​រមៀល ​ឃុំ​បន្ទាយ​ឆ្មា ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​សម្លាប់​ជនរងគ្រោះ​ឈ្មោះ​ ​ហាន សុ​ថុ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អ​ពិល​ចាស់ ឃុំ​បន្ទាយ​អំពិល ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រមានជ័យ មុខ​របប​បើក​រោង​ម៉ាស៊ីន​កិនស្រូវ​ និង​បើកឡាន​យក​ស្រូវ​តាម​ផ្ទះ​ទៅ​កិន។


ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជា​អោយ​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង កម្លាំង​ជំនាញ​ខេត្ត​ ​និងកម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក ​​ធ្វើការចុះ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ ​ឆ្នាំ​២០១៩ ទើប​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​ ​០២​នាក់ ៖​ ទី១-​ឈ្មោះ​ ស៊ួ​ត សុភាក់ ហៅ​ភ័ក្ត្រ​ ភេទ​ប្រុស​ ​អាយុ​៣៤​ឆ្នាំ និង​ទ២-​ឈ្មោះ​ ស៊ួ​ត សុផាត ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ជា​បងប្អូន​បង្កើត​ ​រស់​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជាមួយគ្នា ដើម្បី​ធ្វើការ​សាកសួរ។


យោង​តាម​ចម្លើយ​សារភាព​ ជនសង្ស័យ​ទាំងពីរ​នាក់ ចំពោះ​មុខ​សមត្ថកិច្ច​ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុកជាមុន ដោយ​ប្រើ​កាំបិត​ប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​ពីរ​កាំបិត ត្រូវ​ចំ​ក និង​ត្រូវ​ចំ​ដៃ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ ​នៅ​កន្លែង​កើតហេតុ និង​បាន​យក​កង់​មុខ​គោយន្ត​កន្ត្រៃ​ចំនួន​ ០៤ និង​កង់​មុខ​ត្រាក់ទ័រ​ចំនួន​ ០១ ដុត​សព​ជនរងគ្រោះ ដើម្បី​បំបាត់ភស្តុតាង ពិតប្រាកដ​មែន។




ក្រោយ​ការ​ឃាត់​ខ្លួន​ សាកសួរ​ជនសង្ស័យ​ទាំងពីរ​ សមត្ថកិច្ចកំពុង​រៀបចំ​សំណុំរឿង​ ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ទៅ​តុលាការ​ ៕
ប្រភព៖CDP TV Online

0 تعليقات

أحدث أقدم