រំភើបណាស់! ​ធ្លាប់តែ​ឃើញ​ឈ្មោះ ​អ្នកស្រី​ ​ត្រឹង​ ​ងា​ លើសៀវភៅ ​ពេលនេះស្គាល់មុខមាត់ពិតហើយ ព្រមទាំងសំណូមពររឿងមួយ…


កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ ​អ៊ុង​ ​ចាន់​សោភា បានបង្ហោះសារ និងរូបភាព លាយឡំដោយក្តីរំភើប ព្រោះម្ចាស់ហ្វេសប៊ុករូបនេះបានជួបសម្ភាសន៍ផ្ទាល់ជាមួយ អ្នកស្រី ត្រឹង ងា ដែលជាម្ចាស់សៀវភៅ “អរិយធម៌ខ្មែរ”។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បាន បញ្ជក់សារខ្លះៗថា៖


“ទីបំផុត ខ្ញុំបានជួបសម្ភាសន៍ អ្នកស្រី ត្រឹង ងា ( ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅ អរិយធម៌ខ្មែរ។ សៀវភៅនេះ បោះពុម្ភ តាំងពីឆ្នាំ ១៩៧៤ ហើយបានប្រើប្រាស់ និងមានសារៈសំខាន់មកដល់សព្វថ្ងៃក្នុងប្រព័ន្ធ អប់រំ។ អ្នកគ្រូ អាយុ ៨៤ ឆ្នាំហើយ។ ស្វាមី អ្នកស្រី លោក ត្រឹង ងា ក៏ជា អ្នកនិពន្ធសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានសម្លាប់នៅក្នុង គុកទួលស្លែង ក្នុងសម័យខ្មែរក្រហម។”។



ម្ចាស់ហ្វេសប៊ុក ដដែលក៏បានបន្តទៀតថា “អ្នកស្រី ត្រឹង ងា បានប្រាប់ខ្ញុំថា គាត់មានសំណូមពរតែមួយគត់ គឺសូមអោយប្រជាជនខ្មែរ ប្រើប្រាស់ និង សរសេរភាសាខ្មែរ អោយបានត្រឹមត្រូវ ព្រោះ ភាសាខ្មែរ ជាម្តាយ នៃអក្សរសាស្រ្តជាតិ។ 


គាត់ថា ការចេះភាសាបរទេស វាមានប្រយោជន៍ តែត្រូវស្គាល់ភាសា ដើមកំណើតខ្លួនអោយច្បាស់ជាមុនសិន។ ទោះមានអាយុ ៨៤ឆ្នាំហើយក៏ដោយ គាត់នៅបន្ត បង្រៀនក្នុងវិស័យពុទ្ធចក្រវិញម្តង។ គាត់ថា « ខ្ញុំមិនចេះនៅស្ងៀមទេ មួយជីវិតខ្ញុំនេះ ខ្ញុំចង់តែធ្វើកិច្ចការជួយជាតិ។ »៕

0 Comments

Previous Post Next Post