កម្លាំងការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ឈានឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីបានចំនួន៨នាក់។

ករណីចុះបង្ក្រាបគ្រឿងញៀនបានធ្វើឡើងនៅវេលាម៉ោង១០និង០០នាទីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះមុខសញ្ញាជនសង្ស័យ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។


មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញា ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត។ បន្ទាប់មក កម្លាំងជំនាញបានធ្វើការសាកសួររួចបន្តទៅឃាត់ខ្លួនជនសង្ស័យ៦នាក់ជាមុខសញ្ញាទៀត ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពី លោក បូរ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត និងអមដោយក្រឡាបញ្ជី២នាក់ទៀត បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនបានមួយចំនួនធំ។


មន្ត្រីនគរបាលជំនាញបានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន ៖
ទី១-ឈ្មោះ អ៊ុំ មិនាសិរីរៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។
ទី២-ឈ្មោះ បូរ៉ា រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។
ទី៣-ឈ្មោះ បាន ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។
ទី៤-ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ។
ទី៥-ឈ្មោះ ផល សុខខឿន ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ។
ទី៦-ឈ្មោះ ហេង សង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ។
ទី៧-ឈ្មោះ ហេង ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។
ទី៨-ឈ្មោះ ហេង តុលា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
បន្ទាប់ពី សមត្ថកិច្ចបានឃាត់ខ្លួនធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)២នាក់ អវិជ្ជមាន(-)៦នាក់ហើយបានដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៧កញ្ចប់(ធំ១៥កញ្ចប់ តូច០២កញ្ចប់) មានទម្ងន់៨០.៩១ក្រាមទាំងសំបកថង់
-ទូរស័ព្ទដៃ ១៣គ្រឿង
-ជញ្ជីង ០១គ្រឿង
-ម៉ូតូ ០១គ្រឿង
-ដាវសាំម៉ូរៃ ០២ដើម
-និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
Post a Comment (0)