​នារី​ៗ​មាន​៧​ចំណុច​​នេះ​ហើយ​ បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន!

ប្លែក​ៗ​ពី​ Facebook៖ "មនុស្ស​ប្រុស​ងាយ​ណាស់​ខាង​បង្កើត​ស្នេហា​ ប៉ុន្តែ​មិន​សូវ​ចេះ​រក្សាទុក​ក្ដី​ស្រលាញ់​យូរ​អង្វែង​ឡើយ ដោយសារ​មិន​ទាន់​រក​ឃើញ​នារី​ល្អ​ម្នាក់​តាម​ចិត្ត​ប្រាថ្នា​។ ប៉ុន្តែ​មនុស្ស​ប្រុស​បែប​ណា​ក៏​មាន​បេះដូង ហើយ​ក៏​អាច​កែប្រែ​ចិត្ត​ក្លាយ​ជា​ស្មោះ ​ពេល​រក​ឃើញ​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់ ដែល​គេ​គិត​ថា​មាន​ចំណុច​ល្អ​គ្រប់គ្រាន់"។ នេះ​​​ជា​ការ​លើក​​ឡើង​របស់​យុវជន​​ម្នាក់ ​សរសេរ​បង្ហោះ​លើ​ Facebook ​​របស់​ខ្លួន​។

​អ្នក​លេង Facebook ខាង​លើ បន្ត​ថា៖ ​បើ​មាន​ចំណុច​ខាង​ក្រោម​នេះ នារី​នោះ​ប្រាកដ​ជា​មាន​មនុស្ស​ប្រុស​ត្រូវ​ការ​ជា​គូគ្រង​គ្មាន​គេច​កែ​មិន​ខាន​។

​១. ទន់ភ្លន់​តែ​មិន​ទន់​ជ្រាយ៖ បុរស​ភាគ​ច្រើន​ចូល​ចិត្ត​នារី​ដែល​មាន​ចរិត​សុភាព​រម្យទម​ ទន់ភ្លន់​តាម​បែប​ធម្មជាតិ។ ចេះ​ប្រើ​ឥរិយាបថ​សម​ជា​នារី​ម្នាក់ ប៉ុន្តែ​មិន​មែន​ជា​កាយ​វិការ​ម្ញែក​ម្ញ៉ិកម្ញ៉ក់​នោះ​ឡើយ ​ហើយ​ក៏​មិន​ចូល​ចិត្ត​នារី​ដែល​ទន់ជ្រាយ​ពេក​ដែរ​។

២. រឹងមាំ តែ​មិន​រឹងរូស៖ ជា​នារី​ដ៏​រឹង​មាំ​ម្នាក់ បុរស​ណា​ក៏​ប្រាថ្នា​ចង់​បាន​ ព្រោះ​បុរស​ក៏​ត្រូវ​ការ​អ្នក​មើល​ថែ​គ្នា​ទៅ​វិញ​ទៅមក ប៉ុន្តែ​មិន​មែន​ជា​ការ​រឹងរូស​មិន​ដឹង​ខុស​ត្រូវ​នោះ​ទេ​។

៣. រួសរាយ តែ​មិន​រាយមាយ៖ ចរិត​មនុស្ស​ប្រុស គឺ​ស្អប់​បំផុត​នារី​ដែល​មាន​ចិត្ត​រាយមាយ​ បើ​ទោះ​បី​គេ​ធ្លាប់​ជា​មនុស្ស​ក្បត់​ក៏​ដោយ។ រួសរាយ​ដាក់​មនុស្ស​គ្រប់​គ្នា​ឲ្យ​គេ​ចូល​ចិត្ត​ ប៉ុន្តែ​សំដី​សំដៅ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​អ្នក​ដទៃ​គិត​ថា ជា​មនុស្ស​ស្រី​រាយមាយ​ស្រលាញ់​គេ​មិន​រើស​មុខ​។

៤. ស្អាតបាត តែ​មិន​លេង​ខ្លួន៖ ពិត​ណាស់ ក្រសែ​ភ្នែក​បុរស​ភាគ​ច្រើន​ ចូល​ចិត្ត​ក្រឡេក​មើល​ទៅ​នារី​សិច​ស៊ី​បញ្ចេញ​គល់​ភ្លៅ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ពួក​គេ​មើល​ក្នុង​បំណង​ផ្សេង​ មិន​មែន​ជា​ការ​គោរព​ស្រលាញ់​ឡើយ។ នារី​ដែល​គេ​ត្រូវ​ការ គឺ​ស្លៀកពាក់​បែប​សុភាព មិន​លេង​ខ្លួន​ខ្លាំង​ ស្អាត​បាត​តាម​បែប​ធម្មជាតិ។

៥. គិត​ច្រើន តែ​មិន​បោះបង់៖ នារី​ដែល​ចេះ​គិត​វែង​ឆ្ងាយ​ នឹង​ធ្វើ​ឲ្យ​បុរស​ម្នាក់​មាន​អារម្មណ៍​ថា ​កាន់​តែ​ស្រលាញ់​ខ្លាំង ជា​ពិសេស​អាច​ស្វែង​រកដំណោះ​ស្រាយ​សម្រាប់​គេ​ពេល​ជួប​ទុក្ខ​។ ចេះ​គិត​ពី​ផល​វិបាក​នៅ​ចំពោះ​មុខ ប៉ុន្តែ​មិន​បោះបង់​រាថយ​។

៦. មិន​ប្រកាន់​ចិត្ត តែ​ប្រកាន់​កាយ៖ អ្នក​ដឹង​ទេ​ថា ហេតុ​អ្វី​មាស​មាន​តម្លៃ​ខ្ពស់​ជាង​ខ្សាច់​?​ បើ​និយាយ​ពី​ប្រយោជន៍ មាស​មាន​តិច​ជាង​ខ្សាច់​ទេ ព្រោះ​វា​បាន​ត្រឹម​លម្អ​ប៉ុណ្ណោះ។ ប៉ុន្តែ​មក​ពី​មាស​កម្រ​ ទើប​មាន​តម្លៃ​ថ្លៃ។ ចង់​ឲ្យ​មនុស្ស​ប្រុស​កាន់​តែ​ស្រលាញ់ គឺ​ត្រូវ​ប្រកាន់​ខ្លួន​កុំ​ឲ្យ​គេ​ប៉ះងាយ​ ធ្វើ​ខ្លួន​ជា​របស់​កម្រ​បំផុត​កាន់​តែ​មាន​តម្លៃ។ បើក​ចិត្ត​ឲ្យ​ទូលាយ​សម្រាប់​គេ ស្រលាញ់​គេ​ឲ្យ​បាន​ច្រើន​ តែ​ការ​ពារ​ខ្លួន​ឲ្យ​បាន​មុន​ចូល​រោង​ការ​។

៧. ស្រលាញ់​អ្វី​ដែល​គេ​ស្រលាញ់​ដូច​គ្នា៖ មិន​ថា​អ្វី​ដែល​គេ​ពេញ​ចិត្ត​ ត្រូវ​រៀន​ស្រលាញ់​ពេញ​ចិត្ត​តាម​គេ លុះត្រា​តែ​ពិបាក​ខ្លាំង​ទើប​បោះបង់​ចោល។ គោរព​ឲ្យ​តម្លៃ​ឪពុក​ម្ដាយ បងប្អូន និង​​មិត្តភ័ក្ដិរបស់​គេ ​នោះ​គេ​នឹង​គោរព​ស្រលាញ់​អ្នក​ដូច​គ្នា៕


ប្រភព ៖ knnasia.com

0 Comments

Previous Post Next Post