អស់ទាស់! កូនក្រមុំជនជាតិរុស្សី គ្រងរ៉ូបអាពាហ៍ពិពាហ៍តម្លៃជាង៦០ម៉ឺនដុល្លារ


រុស្សី៖ សារព័ត៌មានដេលីម៉ែល បានផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា កូនស្រីមហាសេដ្ឋីប្រេងរបស់រុស្ស៊ី មួយរូប បានរៀបការជាមួយបុរសម្នាក់ ដោយគ្រងរ៉ូបអាពាហ៍ពិពាហ៍តម្លៃជាង ៦០ម៉ឺនដុល្លារ ដែលកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។

កូនក្រមុំដែលមានឈ្មោះថា Madina Shokirova ត្រូវជាកូនមហាសេដ្ឋីប្រេង លោក Ilkhom Shokirov បានរៀបការជាមួយបុរសម្នាក់ ដែលស្គាល់ត្រឹមតែឈ្មោះថា Sador ដោយប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Radisson Royal Congress Park Hotel ដ៏ប្រណិត នៅទីក្រុងមូ៉ស្គូ ភាគខាងលិចប្រទេសរុស្សី ដោយមានភ្ញៀវចូលរួមជាង ៩ ០០០នាក់ ។




ប្រភពព័ត៌មានបន្តថា រ៉ូបអាពាហ៍ពិពាហ៍មានតម្លៃកប់ពពកនេះ ត្រូវបានរចនាឡើងដោយអ្នករចនាម៉ូតជនជាតិអង់គ្លេស ក្នុងហាង Ralph &Russo រចនាឡើងលំអដោយប៉ាក់បន្ទះប្រាក់ ក្រណាត់សូត្រជាច្រើនទ្រនាប់ គុជខ្យងរាប់រយគ្រាប់ និងត្បូងគ្រីស្តាល់ Swarovski ជាច្រើន។

នៅមិនទាន់អស់នោះទេ អាពាហ៍ពិពាហ៍ដ៏អស្ចារ្យនេះ ក៏នៅមាននំខេកអាពាហ៍ពិពាហ៍ដ៏ធំ កម្ពស់ជាង ៣ម៉ែត្រមួយទៀត ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ដែលត្រូវបានធ្វើឡើងដោយ អ្នកធ្វើនំដ៏ល្បីឈ្មោះ លោក Renat Agzamov។ នៅក្នុងនោះ នាង Madina ក៏បានធ្វើពិធីជប់លៀងលាភាពក្រមុំនៅឯ រមណីយដ្ឋានអេស្ប៉ាញមួយក្នុងទីក្រុង Marbella​ ផងដែរ តាមរយៈការជិះយន្តហោះឯកជនមួយគ្រឿងរបស់នាង ទៅទីនោះជាមួយនឹងមិត្ដភក្ដិស្រីនាង។

សម្រាប់ការចំណាយលើ តែការកម្សាន្តក្នុងអាពាហ៍ពិពាហ៍នាពេលល្ងាច អស់ជាង ៤៧ម៉ឺនដុល្លារ តែទោះជាយ៉ាងណា ក្រុមគ្រួសារខាងកូនក្រមុំព្យាយាម មិនចង់់ឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងនោះឡើយ។

គួរបញ្ជាក់ថា ក្រៅពីជាមហាសេដ្ឋីប្រេងរបស់រុស្សី លោក Ilkhom Shokirov ក៏ជាម្ចាស់សណ្ឋាគារដ៏ប្រណីតមួយ ដែលមានទីតាំងនៅរដ្ឋធានី Tashkent ភាគឦសាននៃប្រទេសអ៊ូបេគីស្ថាន ផងដែរ៕









ប្រភព ៖ khmerload.com
Previous Post Next Post