ធ្លាក់ពស់ពិសមួយក្បាលពីធ្នើដាក់អីវ៉ាន់ ផ្អើលពេញយន្តហោះ បង្ខំចុះចតភ្លាមៗ (មានវីដេអូ)

ម៉ិចស៊ីកូ៖ សត្វពស់ពិសមួយក្បាល បានបង្កឲ្យមានការភ័យស្លន់ស្លោពេញយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ក្រោយពីវាបានធ្លាក់ពីធ្នើដាក់អីវ៉ាន់នៅខាងលើ កន្លែងអង្គុយរបស់អ្នកដំណើរ ខណៈពេលហោះហើរបានពាក់កណ្តាលផ្លូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញ។

អ្នកដំណើរជាច្រើនដែលមានភាពភ័យខ្លាចនៅលើយន្តហោះនោះ គឺកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ិកស៊ីកូ ហើយពួកគេក៏បានថតវីដេអូសត្វពស់វែក ពណ៌បៃតង ដែលមានប្រវែងជាង ១ម៉ែត្រកន្លះ នេះផងដែរ។

ប្រភពព័ត៌មានឲ្យដឹងថា នៅពេលនោះមានសាស្រ្តាចារ្យសាកលវិទ្យាល័យម្នាក់ នៅលើយន្តហោះនោះដែរ ហើយគាត់បានប្រាប់ពីរបៀបដែលគាត់ជួយចាប់សត្វពស់មួយក្បាលនោះ ដោយប្រើភួយយកមកចាប់វា និងប្រើទស្សនាវដ្ដីយកមកបន្លប់វាទៀតផង។

 លោកសាស្រ្តាចារ្យ Indalecio Medina បានបង្ហោះវីដេអូរបស់លោក លើបណ្តាញសង្គម ដោយនិយាយបែបលេងសើចថា “ពស់ហោះ” បទពិសោធន៍តែមួយគ្មានពីរ នៅលើជើងហោះហើរ Aeromexico លេខ២៣១ ពីទីក្រុង Torreon ទៅទីក្រុងម៉ិចស៊ីកូ។ លោកបន្តថា “ខ្ញុំត្រូវតែចាប់វាដោយប្រើភួយមួយ ហើយថែមទាំងឲ្យវាមើលទស្សនាវដ្ដីលេងមួយសន្ទុះ”។

ហេតុការណ៍ដ៏តក់ស្លុតនេះ ត្រូវបានគេនិយាយថា វាបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ២ម៉ោងក្រោយពេលជើងហោះហើរ Aeromexico បានហោះហើរ ពីទីក្រុង Torreon ភាគខាងជើងរដ្ឋ Coahuila ទៅកាន់ទីក្រុងមួយទៀត នៅក្នុងប្រទេសម៉ិចស៊ីកូ។

ក្រោយមានហេតុការណ៍នេះកើតឡើង អ្នកបើកយន្តត្រូវបានគេរាយការណ៍ថា បានទទួលការអនុញ្ញាតឲ្យធ្វើការចុះចតជាបន្ទាន់ ដើម្បីក្រុមអ្នកជំនាញខាងសត្វធ្វើការត្រួតពិនិត្យ និងយកពស់មួយក្បាលនោះចេញពីលើយន្តហោះ។

ក្រោយកើតហេតុ មិនមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ ហើយគេមិនដឹងទេថា តើសត្វពស់មួយក្បាលនោះអាចទៅនៅលើយន្តហោះនោះដោយរបៀបណា។ ទន្ទឹមនឹងនោះ ក៏មិនមានពាក្យណាមួយពីក្រុមហ៊ុនអាកាសចរណ៍នៅឡើយដែរ៕





ប្រភព ៖ khmerload.com
Previous Post Next Post