អស្ចារ្យមែន រកឃើញដាវបុរាណធ្វើពីមាស នៅកន្លែងលេងបាល់ទាត់ មានអាយុកាលជាង 4000 ឆ្នាំ

ដាវមួយដើមដែលមានដងជាមាស ត្រូវបានសន្និដ្ឋានថាបានបង្កើតនៅសម័យយុគលង្ហិន បានត្រូវគេប្រទះឃើញក្រោយការជីកកកាយនៅឯកីឡាដ្ឋានបាល់ទាត់មួយកន្លែងនាប្រទេស Scotland ហើយតាមការសន្និដ្ឋានជំហានដំបូងវាមានអាយុកាលប្រហែលជាង 4,000ឆ្នាំហើយ។

មានអ្នកសិក្សាស្រាវជ្រាវជាច្រើនរូបបានចូលទៅជីកកកាយនៅទីតាំងតំបន់ Carnoustie ទីក្រុង Angus ប្រទេស Scotland, ក្រោយពីកម្មករសំណង់បានកកាយដីដើម្បីសាងសង់គ្រឺះកីឡាដ្ឋានមួយនេះ ហើយបានឃើញវត្ថុបុរាណជាច្រើន។
 ការងារសាងសង់កីឡាដ្ឋាននេះ ត្រូវបានបញ្ឈប់ភ្លាមៗ ហើយពេលនេះទីកន្លែងនេះត្រូវបានគេបោសសំអាតយ៉ាងស្អាតដើម្បីធ្វើការជីកកកាយស្វែងរកវត្ថុបុរាណបន្តទៀត។

តាមកំណាយដែលបានរកឃើញជាពេលថ្មីនេះ គឺគេរកឃើញសុទ្ធសឹងតែជាវត្ថុមានតំលៃ ដែលមានអាយុកាលរាប់ពាន់ឆ្នាំកន្លងមកហើយ។ រឿងដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថ្មីៗនេះគេបានរកឃើញ ដាវបុរាណមួយដើមដែលមានដងជាមាស ហើយតាមស្ថានភាពរបស់វា គឺវាត្រូវបានផលិតតាំងពីយុគលង្ហិនមកម្លេះ។

 ស្របតាមរយះពេលដ៍យូរនៅក្រោមដី ដាវនេះមានសភាពពុកផុយទៅហើយ ដូចនេះត្រូវមានការប្រុងប្រយ័ត្នមែនទែន ក្នុងការជីកយកដាវនេះចេញមក ហើយយកមករក្សាទុក ដើម្បីអោយអ្នកជំនាញធ្វើការវិភាគសិក្សាបន្តនៅក្នុងបន្ទប់ពិសោធន៏អោយបានត្រឹមត្រូវ។

បើតាមសម្តីរបស់ប្រធានក្រុមនៃអ្នកបុរាណវិទ្យាម្នាក់ឈ្មោះ Alan Hunter Blair ៖ «ពួកយើងនឹងព្យាយាមធ្វើយ៉ាងណា គាស់លើកយកវត្ថុនេះទាំងផ្ទាំងដីធំតែម្តង។ ហើយបន្ទាប់មកទើបបំបែកកំទិចដីម្តងបន្តិចៗនៅក្នុងបន្ទប់ពិសោធន៍អោយបានត្រឹមត្រូវ»។

បុរាណវិទូរូបនេះក៏បានបន្ថែមដែរថា «បើតាមរូបរាងរបស់វា មើលទៅហាក់ដូចជាចុងលំពែង រឺក៍ បំណែកដាវ។ នៅពេលនេះពួកយើងមិនទាន់អាចសន្និដ្ឋានបាននៅឡើយ។ ពួកយើងគ្មានថ្ងៃដឹងឡើយ បើមិនយកវាទៅធ្វើកោសល្យវិច្ច័យនៅក្នុងបន្ទប់ពិសោធន៍នោះ»។

 តាមរយះសំណល់វត្ថុបុរាណដែលបានរកឃើញទាំងនោះ នាពេលនេះយើងអាចមានតំរុយខ្លះដើម្បីស្វែងយល់ថាតើជនជាតិស្កត់ មានជីវភាពរស់នៅបែបណានាសម័យ 2000ឆ្នាំមុនគ្រឹស្តសករាជ។
ទាំងនេះមិនមែនជាភស្តុតាងដំបូងដែលបញ្ជាក់ថា នាសម័យយុគលង្ហិនពិតជាមានពិតមែនឡើយ តែពួកយើងធ្លាប់បានលឺនិងដឹងច្រើនមកហើយថា វាពិតជាមានមែន។

លោក Hunter Blair បាននិយាយបន្ថែមថា៖ «ទំហំនៃសំភារះដែលពួកយើងបានរកឃើញនោះ វាមានបរិមាណលើសពីការរំពឹងទុកទៅទៀត»។សព្វថ្ងៃពួកគេនៅតែបន្តជីកកកាយតទៅទៀត ហើយលទ្ធផលដែលទទួលបានគឺតែងតែនាំមកនូវភាពភ្ញាក់ផ្អើល៕
ប្រភព ៖ khmerwonder.net
Previous Post Next Post