កូនខ្មែរសូមជួយ share ម្នាក់១ផងមិនខាតបង់អ្វីនោះទេ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរយើង

 កូនខ្មែរសូមជួយ share ម្នាក់១ផងមិនខាតបង់អ្វីនោះទេដើម្បីលើកស្ទួយវប្បធម៌ខ្មែរយើង និង
ជាការលើកទឹកចិត្តដល់ក្រុមករងារដែលបានខិតខំផលិត អាជ្ញាធ័រអប្សរា និងក្រុមករងារវិស្វករ ជប៉ុនដែលបានខិតខំផលិតថតទុកជាឯកសារ ស្តីពីរូបចម្លាក់លើប្រាង្គប្រាសាអង្គររបស់យើង ជារូបសន្លឹក 3D ទុកជាឯកសារកូនខ្មែរសិក្សា ចងក្រងជារៀងរហូត ។
ចម្លាក់ក្រឡោតទាបនៃប្រាសាទអង្គរវត្តនឹងលេចចេញជាសន្លឹករូបថត3Dនៅពេលឆាប់ៗខាងមុខនេះ
ក្រោមកិច្ចសហការនៃអ្នកជំនាញជប៉ុនតាមរយៈវិទ្យាស្ថានវិទ្យាសាស្ត្រ ឧស្សាហកម្មនៃសាកលវិទ្យាល័យតូក្យូ អាជ្ញាធរជាតិអប្សរាបានអនុវត្តគម្រោងថតរចនាសម្ព័ន្ធ និងចម្លាក់ក្រឡោតទាបទាំងអស់នៅប្រាសាទអង្គរវត្ត ដោយប្រើម៉ាស៊ីន 3D laser sensor ដែលអាចផ្តល់រូបភាព 3D ដែលមានភាពសុក្រឹតកម្រិតមីល្លីម៉ែត្រ។ ទិន្នន័យនេះទុកជាឯកសារនឹងយកទៅប្រើក្នុងការងារអភិរក្ស ជួសជុល និងវិភាគលើចម្លាក់ក្រឡោតទាបបានជាច្រើនយ៉ាង។
អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា បានបញ្ជាក់នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះថា “ចម្លាក់ក្រឡោតទាបនៃប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃលើសលប់នៅព្រះរាជាណាចក្រកម្ពុជា។ តែជាអកុសល ការខូចខាតនៃចម្លាក់នេះកាន់តែមានច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃដោយសារអាយុកាល។ ដូច្នេះយើងត្រូវថតរចនាសម្ព័ន្ធប្រាសាទអង្គរវត្ត រួមទាំងចម្លាក់ក្រឡោតទាបជា digital archival ដោយប្រើ 3D laser sensor ជាឯកសារតម្កល់ទុកសម្រាប់ការងារអភិរក្សព្រោះអាចឲ្យយើងផ្ទៀងផ្ទាត់ឡើងវិញថាតើវាមានការប្រែប្រួលយ៉ាងណាខ្លះ ហើយវាងាយស្រួលដល់ការងារជួសជុលផងបើវាខូចខាតដោយប្រការណាមួយ ព្រោះយើងមានរូបថតនៅសល់។ ម្យ៉ាងទៀត ឯកសារនេះនឹងបានជាតឹកតាងមួយសំខាន់ណាស់ ដើម្បីដឹងថា តើចម្លាក់មួយណា សឹករិចរិល ខូចខាតនៅពេលណា”។
លោក ទីណា បន្ថែមថា ការរៀបចំថតរូបទុកជាឯកសារដោយសន្លឹករូបថតធម្មតាក៏បាន តែត្រូវចំណាយយូរណាស់ ទម្រាំបានរួចរាល់។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យតូក្យូ ដើម្បីប្រើប្រាស់ម៉ាស៊ីន3D laser sensor ក្នុងការថត ព្រោះវាមានបច្ចេកវិទ្យាទំនើប អាចធ្វើការងារបានលឿននិងភាពល្អៀងតិចតួចបំផុត។ កិច្ចសហការនេះបានធ្វើឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយការងារនេះកំពុងដំណើរការនៅឡើយ ដោយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះនៅសល់តែពីរផ្ទាំងទៀតប៉ុណ្ណោះ។
ទោះជាត្រូវបញ្ចប់ការថតរូបក្តី តែលោកទីណា បន្ថែមថា ការងារនេះនឹងមិនងាយបញ្ចប់ភ្លាមៗដែរ ព្រោះត្រូវធ្វើរបាយការណ៍ដែលមានលក្ខណៈវិទ្យាសាស្ត្រលម្អិតអំពីរូបភាពទាំងនោះវែងឆ្ងាយទៀត។ ប៉ុន្តែ ដោយឆ្លងកាត់ការធ្វើការជាមួយអ្នកជំនាញជប៉ុនមួយរយៈកន្លងមកនេះ អ្នកជំនាញខែ្មរអាចធ្វើការងារនេះបានដោយខ្លួនឯងជាបណ្តើរៗហើយ។ លោកសង្ឃឹមថា បទពិសោធន៍នេះនឹងអាចប្រើប្រាស់សម្រាប់ការងារដូចគ្នានៅក្នុងប្រាសាទដទៃទៀត នៃរមណីយដ្ឋានអង្គរទាំងមូល។
ដោយរៀបរាប់អំពីគម្រោងនៅប្រាសាទផ្សេងៗទៀតលោកទីណាបញ្ជាក់ថា “យើងបានព្យាយាមចាប់ដៃគូសហការជាមួយបណ្តាប្រទេសផ្សេងៗទៀត ដើម្បីធ្វើការងារនេះ។ ជាក់ស្តែង ថ្មីៗនេះយើងបានចុះអនុស្សរណៈមួយជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា QUEENSLAND នៃប្រទេសអូស្រ្តាលីទាក់ទងនឹងគម្រោងសហការដើម្បីរៀបចំចងក្រងឯកសារប្រាសាទចៅស្រីវិបុល។ គម្រោងនេះតម្រូវឲ្យមានការស្រាវជ្រាវជារៀងរាល់ឆ្នាំ ដោយ ផ្តោតលើការចុះពិនិត្យដល់ទីកន្លែង ការវាស់វែង ការថតរូប និងស្កែនរូបភាពនៅប្រាសាទចៅស្រីវិបុល។ ដោយឡែកនៅពេលឆាប់ខាងមុខនេះ អាជ្ញាធរអប្សរានិងវិទ្យាស្ថាន Guangzhou Urban Planning Design & Survey Research Institute នៃសាធារណៈរដ្ឋប្រជាមានិតចិននឹងរៀបចំការស្រាវជ្រាវរួមគ្នាលើគម្រោង Digital Angkor Thom ដោយប្រើប្រាស់នូវ 3D Laser Scanning , UAV aero photographic, virtual reality ដើម្បីចងក្រង ឯកសារ Digital និងសម្រាប់ការពណ៌នាលម្អិត ការវិភាគវិទ្យាសាស្រ្ត និងការបង្ហាញរូបភាពនៃក្រុងអង្គរធំ៕
ប្រភព៖ ហ្វេសប៊ុក







Previous Post Next Post